សំ ហន៖ ខ្ញុំបានស្ម័គ្រចិត្តតស៊ូបម្រើជាតិជាមួយនឹងចលនាខ្មែរក្រហម

សំ ហន[1] ភេទប្រុស អាយុ៦៧ឆ្នាំ មានទីកន្លែងកំណើតនៅក្នុងភូមិជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ហន កំពុងរស់នៅភូមិអូរស្រម៉រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ហន បាននិយាយរៀបរាប់ពីការតស៊ូរបស់ខ្លួនដូចតទៅ៖ «នៅត្រឹមឆ្នាំ១៩៧០ ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ នៅពេលនោះ ប្រទេសកម្ពុជាកំពុងជួបប្រទះនូវភាពវឹកវរ ដោយសារតែ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេច ព្រះបាទ នរោត្តម សីហនុ ពីតំណែង។ ខ្ញុំចងចាំថា នៅពេលនោះមានក្បួនបាតុកម្មដ៏ធំមួយបានដង្ហែចេញពីវត្តមឿងចារ្យ ឆ្ពោះទៅកាន់ទីប្រជុំជននៃទីរួមខេត្តតាកែវ ដោយមានសំឡេងសម្លេងប្រជាជនស្រែកឡើងថា «ជយោ! សម្ដេចឪ..ៗអ្នកណាមិនទៅដុតផ្ទះចោល..ៗ»។ សូរសំឡេងដ៏កងរំពងទាំងនោះមិនបានធ្វើឲ្យព្រឹត្តិការណ៍ប្រឆាំងតវ៉ាមានភាពធូរស្រាលឡើយ។ ប៉ុន្តែវាបែរជាជម្រុញឲ្យកើតមានអំពើហិង្សា និងការបាញ់កាំភ្លើងស្រោចទៅលើក្រុមបាតុករដែលកាន់តែបម្លាស់ទីទៅមុខរឹតតែខ្លាំងឡើង។ ក្រោយមក ដោយសារ ស្ថានភាពក្នុងភូមិរបស់ខ្ញុំមិនអំណោយផល ខ្ញុំក៏បានរត់ចូលទៅក្នុងព្រៃជាមួយប្រជាជនមួយចំនួនដែលរស់នៅក្នុងភូមិជាមួយគ្នា។
លុះដល់ឆ្នាំ១៩៧១ ខ្ញុំបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើត ដើម្បីទៅជួបជុំជាមួយឪពុកម្ដាយ និងបងប្អូននៅផ្ទះវិញ។ បន្ទាប់ពីខ្ញុំបានជួបគ្រួសារ ខ្ញុំបានបន្តរស់នៅផ្ទះជួយធ្វើស្រែ និងចិញ្ចឹមគោ ឪពុកម្ដាយ។ នៅថ្ងៃមួយមិត្តភក្តិរបស់ខ្ញុំម្នាក់បានមកលេងខ្ញុំនៅផ្ទះ ដែលត្រូវជាមិត្តរួមថ្នាក់កាលនៅរៀន និងជាមិត្តរួមដំណើរអំឡុងពេលរត់ចូលទៅក្នុងព្រៃពេលមានរដ្ឋប្រហារកើតឡើង។ កាលណោះ មិត្តភក្តិខ្ញុំមិនបានត្រឡប់មកភូមិវិញនោះទេ គឺនៅបន្តជាមួយចលនាខ្មែរក្រហម ខណៈពេលដែលខ្ញុំ រួមទាំងប្រជាជនផ្សេងទៀតវិលត្រឡប់ទៅភូមិឋាន។ ភ្លាមៗនោះ ខ្ញុំក៏បានមើលឃើញស្បែកជើងកង់ឡានមួយគូនៅហ្នឹងជើងរបស់មិត្តភក្តិខ្ញុំ ដែលអាចសន្និដ្ឋានបានថាជាកងរំដោះរបស់ខ្មែរក្រហម។ ក្រោយមកទៀត ដោយសារតែឧត្តមគតិជាតិនិយម ខ្ញុំក៏បានស្ម័គ្រចិត្តតស៊ូបម្រើជាតិជាមួយនឹងចលនាខ្មែរក្រហម។ មួយរយៈក្រោយមក ខ្ញុំក៏បានជួបនឹងគ្រោះថ្នាក់ដោយសារខ្ទាតអំបែងគ្រាប់នៅចំក្បាល ហើយត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងពេទ្យអង្គភាពលេខ៣៥០។ អង្គភាព៣៥០ គឺមិនមានទីតាំងច្បាស់លាស់នោះទេ ប៉ុន្តែជាអង្គភាពចល័ត ហើយលាក់ការណ៍បំផុតក្នុងការជួយសង្គ្រោះកងទ័ពដែលត្រូវរបួសនៅក្នុងសមរភូមិ។ សំ ហោ ដែលត្រូវជាបងប្រុសបង្កើតរបស់ខ្ញុំ គឺជាអ្នកគ្រប់គ្រងនៅទីកន្លែងនោះ ដោយបានមើលថែខ្ញុំយ៉ាងយកចិត្តទុកដាក់បំផុត។ ខ្ញុំបានជាសះស្បើយអាចត្រឡប់ទៅសមរភូមិវិញ។
លុះដល់ឆ្នាំ១៩៧៣ ខ្ញុំបានចូលទៅក្នុងវរសេនាធំលេខ៤០៦ ដែលដឹកនាំដោយ ស៊ី ជាប្រធានអង្គភាព។ កំឡុងពេលនោះ អង្គភាពរបស់ខ្ញុំមានទិសដៅវាយប្រយុទ្ធជាមួយទាហាន លន់ នល់ ឆ្ពោះទៅកាន់ស្រុកកំបូល និងដើម្បីចូលទៅដល់រាជធានីភ្នំពេញ។ កងកម្លាំងខ្ញុំ បានវាយប្រយុទ្ធក្នុងសភាពការណ៍តានតឹងយ៉ាងខ្លាំងដោយមានការទម្លាក់គ្រាប់បែកដ៏សន្ធោសន្ធៅពីទាហាន លន់ នល់ មកលើកងទ័ពខ្មែរក្រហម អស់រយៈពេលជាច្រើនខែ។ ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងខ្មែរក្រហមនៅតែរក្សាភាពក្លាហាន និងមិនអាចធ្វើឲ្យបាត់បង់ជីវិតនៅក្នុងបុព្វហេតុតស៊ូបម្រើជាតិនេះឡើយ ដោយសារយើងបានជឿទុកចិត្តទៅលើកម្លាំងរបស់ខ្លួន និងមិនបោះបង់គ្នាទោះបីមានអ្នកស្លាប់នៅកណ្ដាលព្រៃជ្រៅ ក៏យើងយកសាកសពត្រឡប់ទៅមាតុភូមិខ្លួនវិញ។
រហូតដល់ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហម បានទទួលជ័យជម្នះនៅទីក្រុងភ្នំពេញ។ បន្ទាប់មក កម្លាំងកងទ័ពខ្ញុំបានបន្តដំណើររហូតដល់ព្រលានយន្តហោះ ពោធិ៍ចិនតុង។ ពេលទៅដល់ទីនោះ ការងារដែលខ្ញុំធ្វើ គឺដើរបោសសម្អាត រៀបចំផ្ទះសម្បែង និងប្រមែប្រមូលរបស់របរ ទ្រព្យសម្បត្តិមានតម្លៃដើម្បីរក្សាទុកជូនអង្គភាព។ ស្ថានភាពខ្ញុំនៅពេលនោះ គឺប្រៀបបានដូចជាព្រះសង្ឃអ៊ីចឹងមិនចង់បានទ្រព្យសម្បត្តិអ្វីនោះទេ ព្រោះវាមិនមែនជារបស់ខ្លួនយើង។ ជាក់ស្ដែង មាសប្រាក់ដែលប្រមូលបាន គឺរក្សាទុកជារបស់រួម។ ក្រោយមកទៀត ក្រុមខ្ញុំបានបន្តដំណើរទៅទួលកី នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ដែលអាចមើលឃើញពីទិដ្ឋភាពជម្លៀសរបស់ប្រជាជនជាច្រើននាក់កំពុងធ្វើដំណើរនៅតាមដងផ្លូវ។ កាលណោះ កម្លាំងខ្ញុំមានតួនាទីត្រួតពិនិត្យ និងយាមកាមទៅលើរថយន្តដឹកទំនិញដែលកម្លាំងរបស់យើងបានប្រមែប្រមូលបាន។ លុះក្រោយមកទៀត ខ្ញុំបានទទួលដំណឹងថា បងប្រុសរបស់ខ្ញុំដែលជាប្រធានអង្គភាពពេទ្យត្រូវបញ្ជូនទៅខេត្តកំពង់សោម និងត្រូវបានសម្លាប់ចោលនៅរោងកុនមួយកន្លែងនៅទីនោះ។
អស់រយៈពេលជាច្រើនខែក្រោយមក ខ្ញុំក៏ត្រូវបានប្រធានអង្គភាពបញ្ជូនទៅកាន់តំបន់ព្រែកជីកដើម្បីឈរជើងការពារសមរភូមិនៅទីនោះ។ ពេលទៅដល់ ខ្ញុំបានឃើញប្រជាជនវៀតណាម ចូលមកស្ទូងស្រូវនៅតាមតំបន់ព្រំដែនទឹកដីខ្មែរ។ កំឡុងពេលនោះ កងទ័ពយើងបានប្រាប់ឲ្យប្រជាជនទាំងនោះឆាប់ដកខ្លួនចេញបន្ទាប់ពីប្រមូលផលរួច។ លុះដល់ឆ្នាំ១៩៧៨ កងកម្លាំងរបស់យើងបានប៉ះទង្គិចជាមួយកងទ័ពវៀតណាម ក៏បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង។ យើងបានប្រមូលកម្លាំងសរុបទាំងអស់បួនអនុសេនាធំ បានរៀបចំទៅកាន់មុខសញ្ញាពីភ្នំដិន រហូតដល់ព្រៃស្មាច់ តទល់ជាមួយកម្លាំងថ្មើរជើង រួមទាំងរថក្រោះវៀតណាម។ ក្នុងការវាយគ្នានេះ កម្លាំងទ័ពខ្មែរក្រហមបានវាយដណ្ដើមរថក្រោះបានជាច្រើនគ្រឿង។ ទ័ពខ្មែរក្រហម បានប្រើកាំភ្លើងធំ ដើម្បីវាយប្រហារទៅលើរថក្រោះរបស់វៀតណាម។
ក្រោយមកទៀត ប្រតិបត្តិការសឹករបស់យើងបានបន្តរហូតដល់រដូវវស្សា។ ទន្ទឹមនឹងនេះ កងកម្លាំងប្រមាណបួនកងពល ត្រូវបានបញ្ជូនទៅទប់ទល់ជាមួយវៀតណាមនៅទន្លេមេគង្គ។ មិនយូរប៉ុន្មាន កម្លាំងទ័ពខ្មែរក្រហមកាន់តែមានចំនួនតិចទៅៗ ហើយសភាពការណ៍ចេះតែតឹងតែងទៅ។ កងទ័ពវៀតណាម មានឳកាសវាយប្រហារជាទ្រង់ទ្រាយស្នែងក្របី និងបាញ់ស្រោចមកពីគ្រប់ទិសទីលើកងទ័ពខ្មែរក្រហម ដែលបណ្ដាលឲ្យមានអ្នកស្លាប់ជាច្រើននាក់។ ក្នុងរយៈពេលដ៏ខ្លី កងទ័ពខ្មែរក្រហមទទួលបរាជ័យ និងបានបែកខ្ចាត់ខ្ចាយដាច់ខ្សែរយៈពីគ្នា។ ចំពោះកម្លាំងដែលនៅសេសសល់ក្រោយពីការវាយប្រហារ យើងបាននាំគ្នាឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅកាន់ព្រំដែន ដើម្បីស្វែងរកទីទួលសុវត្ថិភាព។ ក្រោយមក យើងបានទៅរស់នៅព្រំដែនមួយរយៈក៏ទទួលដំណឹងថា ប្រជាជនមួយចំនួនបានត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញក្នុងឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងរបស់សាធារណៈរដ្ឋប្រជាមានិតកម្ពុជា។ ខ្ញុំ ក៏បានសម្រេចចិត្តត្រឡប់ទៅកាន់ឃុំជាងទង ហើយបានចូលនៅក្នុងក្រុមប្រតិបត្តិការប្រចាំឃុំផងដែរ។
លុះដល់ចន្លោះឆ្នាំ១៩៨៤ ដល់១៩៩៥ ខ្ញុំត្រូវបញ្ជូនទៅបម្រើការងារនៅខេត្តប៉ៃលិន។ កាលណោះ ក្នុងចិត្តគឺមានពីរជម្រើសទីមួយត្រូវធ្វើដំណើរទៅកាន់ខេត្តប៉ៃលិន ទីពីរខ្ញុំត្រូវរត់គេចពីការបញ្ជូនទៅកាន់ទីនោះ។ ដោយភាពភ័យខ្លាចមិនហ៊ានប្រឆាំងជាមួយថ្នាក់លើ ខ្ញុំក៏បានសម្រេចចិត្តទៅតាមការរៀបចំរបស់ថ្នាក់លើ។ ដូច្នេះហើយ ខ្ញុំទ្រាំនៅទីនោះ រហូតដល់សង្គ្រាមក្នុងតំបន់មានភាពធូរស្រាលឡើងៗ ដែលអាចធ្វើឲ្យខ្ញុំហ៊ានធ្វើដំណើរមកកាន់តំបន់អន្លង់វែង»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ សំ ហន នៅភូមិអូរស្រម៉រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅក្នុងឆ្នាំ២០២៥។
អត្ថបទទាក់ទង

សន លាជ៖ ខ្ញុំសំណាងហើយ ដែលមិនព្រមទៅតាមការកៀររបស់ខ្មែរក្រហម ឡើងទៅលើភ្នំឆ...

ទ្រៀវ ណាគ្រី៖ អ្នកមើលកូនឲ្យចៅហ្វាយស្រុកអង្គរជ័យ

នូច យ៉េន៖ អាយុ ៧១ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំព...

អ៊ូច ភាព៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពប...

តួនាទីនីរសារ ក្នុងរបបខ្មែរក្រហម


