ប្រធានកងចល័តនារីលើកទំនប់ត្រួយចេក

ខ្ញុំឈ្មោះ ចូវ សុខគង់[1] ភេទស្រី អាយុ៧៥ឆ្នាំ អតីតប្រធានកងចល័តនារីទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បច្ចុប្បន្ននេះរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុករបស់ខ្ញុំមានឈ្មោះ ហែម ឆេង និងម្តាយឈ្មោះ ចូវ លី។ ខ្ញុំគឺជាកូនទី៥ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅវ័យកុមារ ខ្ញុំរៀនដល់ថ្នាក់ទី១១ចាស់ នៅសាលាបឋមសិក្សាគគរ។ នៅឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមចូលមកដល់ភូមិចំការសាមសិប ហើយវត្តមាននៃកងទ័ពខ្មែរក្រហមបានធ្វើឲ្យមានការប្រយុទ្ធគ្នាពីសំណាក់ទាហានលន់ នល់។ ទាហានលន់ នល់ ដែលត្រូវបានដាក់ឲ្យឈរជើងនៅលើភ្នំស្រីភ្នំប្រុស តែងតែបើកការបាញ់កាំភ្លើងធំទៅលើកងទ័ពខ្មែរក្រហម។
នៅឆ្នាំ១៩៧២ ខ្ញុំរត់ភៀសខ្លួនទៅរស់នៅជាមួយបងប្រុសនៅទីរួមខេត្តកំពង់ចាម។ នៅពាក់កណ្ដាលឆ្នាំ១៩៧២ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិវិញ។ នៅឆ្នាំ១៩៧៣ ផ្នែកខ្លះនៃទីរួមខេត្តកំពង់ចាមត្រូវបានរំដោះ ហើយខ្ញុំឃើញប្រជាជននៅទីរួមខេត្តកំពង់ចាមត្រូវបានជម្លៀសចេញ។
បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ខ្ញុំឃើញមានប្រជាជន១៧មេសាដើរកាត់តាមមុខផ្ទះ និងសុំផ្ទះអ្នកភូមិស្នាក់អាស្រ័យ១យប់ ទើបបន្តដំណើរទៅមុខទៀតនៅថ្ងៃបន្ទាប់។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវបានចាត់តាំងជាប្រធានកងចល័តនារីទៅធ្វើស្រែ និងលើកទំនប់ត្រួយចេក។ ខ្ញុំដឹកនាំកងចល័តនារីដើម្បីលើកទំនប់នៅខែប្រាំង និងធ្វើស្រែនៅខែវស្សា។
នៅឆ្នាំ១៩៧៧ សមមិត្ត យុទ្ធ និងសមមិត្តស៊ី ដែលមកពីភូមិភាគនិរតី គឺជាប្រធានក្ដាប់រួមនៅសហករណ៍។ នៅចុងឆ្នាំ១៩៧៧ ខ្ញុំត្រូវបានផ្លាស់មកកងដាំស្លនៅរោងបាយរួម ដែលមានសមមិត្តទាំងអស់ចំនួន១០នាក់។ នៅឆ្នាំ១៩៧៨ ខ្ញុំសុំការអនុញ្ញាតពីសមមត្តិ ស៊ី ដើម្បីមកមើលថែទាំឪពុក និងប្អូនប្រុសដែលពិការភ្នែកទាំង២នាក់នៅភូមិវិញ។ នៅពេលមកដល់ភូមិកំណើតវិញ ខ្ញុំដឹងថាមានការកាប់សម្លាប់អ្នកភូមិចំការសាមសិប ភូមិកំពង់ក្របី ជាច្រើននាក់។
នៅពេលដែលរបបខ្មែរក្រហមដួលរលំនៅដើមឆ្នាំ១៩៧៩ ខ្ញុំបន្តរស់នៅភូមិ ដោយប្រកបរបរធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃនេះ។ បច្ចុប្បន្ននេះ ខ្ញុំមានជំងឺសួត, ជំងឺភ្នែកឡើងបាយ និងបញ្ហាត្រចៀក។
អត្ថបទដោយ លី ដាវីត
[1] បទសម្ភាសន៍ជាមួយ ចូវ សុខគង់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទទាក់ទង

ផាត់ អោ ៖ កម្មករនៅមន្ទីរពាណិជ្ជកម្ម ក្រុងភ្នំពេញ ក្នុងរបបខ្មែរក្រហម

“ឃ្លាតឆ្ងាយពីគ្រួសារនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)”

មន ផល្លី រំឭកអំពីបទពិសោធន៍ជីវិតដែលឆ្លងកាត់នៅរបបខ្មែរក្រហម

ចលនាតស៊ូសេរីកាជាតិនៅក្បែរបង្គោលឡាក់លេខ ៤៣

ឯក ម៉ារីសារឿន រំឭកពីការចងចាំដែលបានឆ្លងកាត់នៅក្នុងសម័យខ្មែរក្រហម


