ជា សុខុម៖ មន្ទីរពេទ្យ២៦៧ អង្គភាពពេទ្យ២១

សុខុម បានធ្វើពេទ្យនៅមន្ទីរ២៦៧ នៅក្រោមការគ្រប់គ្រង របស់មន្ទីរស-២១ ទួលសែ្លង[1]។ ខ្មែរក្រហមបញ្ជូន សុខុម ឲ្យផលិតថ្នាំនៅមន្ទីរពេទ្យ៧០១ នៅជិតមន្ទីរស-២១។ មន្ទីរស-២១ ជាកន្លែងពាក់ព័ន្ធការឃុំខ្លួន ធ្វើទារុណកម្មមនុស្ស[2]។ មន្ទីរពេទ្យ២៦៧ អង្គភាពពេទ្យ២១ សម្រាប់ព្យាបាលបុគ្គលិកជាកម្មាភិបាលខែ្មរក្រហម មិនបានព្យាបាលអ្នកទោសទេ។
ឈ្មោះ ជា សុខុម[3] ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឪពុកឈ្មោះ ជា អ៊ុយ និង ម្តាយ យឹម យ៉ុង ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់ (ស្រី៤នាក់) ខ្ញុំជាកូនទីមួយ។ ឪពុកខ្ញុំជាអតីតទាហាន លន់ នល់។ ខ្មែរក្រហមបានបញ្ជូនឪពុកខ្ញុំទៅធ្វើសង្រ្គាមនៅឧត្តុង្គ។
កាលពីកុមារភាពខ្ញុំបានចូលរៀននៅសាលាដាឃឹម ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាថ្នាក់កុមារដ្ឋាន ហើយរាប់ចាប់ពីថ្នាក់ទៅ១២ រហូតថ្នាក់ទី៧ បើគិតឥឡូវរៀនបានត្រឹមថ្នាក់ទី៤។ ចំណែកឪពុកម្តាយ និងប្អូនៗរបស់ខ្ញុំរស់នៅស្រុកស្នួល ខេត្តក្រចេះ។ ខ្ញុំមានអាយុប្រមាណ១០ឆ្នាំជាង ឡើងមកស្នាក់នៅជាមួយយាយ ដើម្បីបានចូលរៀននៅសាលាដាឃឹម។ ខ្ញុំរៀនមិនបានប៉ុន្មានផងស្រាប់តែខ្មែរក្រហមចូលមករំដោះ។ កងកម្លាំងរំដោះសម័យខ្មែរក្រហម ប្រកាសតាមផ្លូវថា “យើងបានរំដោះប្រទេស រួចផុតពីរបបមូលធននិយម” ។
នៅក្នុងឆ្នាំ១៩៧៥ មានភាពច្របូកច្របល់នៅទីក្រុងភ្នំពេញ។ ខ្មែរក្រហមចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុង និងប្រជុំជននានា។ ខ្មែរក្រហមមិនបានផ្តល់ដំណឹងដល់គ្រួសារខ្ញុំពីការជម្លៀសចេញពីភូមិ។ មុនពេលជម្លៀស ខ្ញុំមិនបានយកអ្វីតាមខ្លួនសូម្បីចាន ឆ្នាំង ស្រូវ និងអង្ករ។ ពេលចាកចេញពីផ្ទះ ខ្មែរក្រហមបានឡើងលើផ្ទះឆែកឆេរ រកមាស-ប្រាក់ រកប្រវត្តិរូប ក្រែងមានគ្រួសារ ឬសាច់ញាតិធ្លាប់ធ្វើជាទាហានសម័យ លន់ នល់។ គ្រួសារខ្ញុំមានមាសមួយចំនួន និងគោចំនួនប្រាំក្បាល ត្រូវបានខ្មែរក្រហមប្រមូលយកទាំងអស់។ ខ្មែរក្រហមជម្លៀសខ្ញុំដល់ភូមិព្រែកហង់ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។ នៅក្នុងស្រុកកោះធំ បានរយៈពេលជិតមួយឆ្នាំ។ ខ្ញុំត្រូវបានខ្មែរក្រហមជ្រើសរើសជាកងចល័ត ហើយម្តាយនិងឪពុកចាត់តាំងធ្វើស្រែ ស្ទូង ស្រូវ។ នៅក្នុងកងចល័តអង្គការប្រើឲ្យកាប់ព្រៃ លើកប្រព័ន្ធភ្លឺស្រែ ធ្វើទំនប់ទឹកជាដើម។ ស្រូវធ្វើបានច្រើនក្នុងមួយឆ្នាំ ប៉ុន្តែអង្គការមិនឲ្យប្រជាជនហូបគ្រប់គ្រាន់។ ស្រូវដែលប្រមូលបានយកទៅណាក៏ខ្ញុំមិនដឹង។ ស្រូវ អង្ករនៅក្នុងសហករណ៍ ឃុំកំពង់កុងអស់ ប្រធានសហករណ៍ចាត់តាំងខ្ញុំជាអ្នកដឹងសណ្តែកទៅដូរយកស្រូវ អង្ករ គ្រប់ភូមិ ក្នុងឃុំកំពង់កុង។ ប្រធានកងចល័ត ឈ្មោះ ភី ប្រគល់កង់មួយមកខ្ញុំសម្រាប់ដឹងសណ្តែក។ ចាប់តាំងពីទទួលបានការងារពីថ្នាក់លើ ខ្ញុំលែងធ្វើស្រែ កាប់ព្រៃ ផ្តោតសំខាន់ដឹកសណ្តែក រហូតធ្លាក់ដល់ត្រើមម្ខាងព្រែកតាដូង និងព្រែកបិះ នៃស្រុកកោះធំ។ រយៈពេលមួយសប្តាហ៍ទៅកន្លះខែបានខ្ញុំចូលសហករណ៍ម្តង។ ខ្មែរក្រហមចាប់ផ្តើមជ្រើសរើសយុទ្ធជនសម្រាប់បម្រើជាតិ។ ម្តាយខ្ញុំមិនចង់ឲ្យទៅធ្វើជាកងទ័ពខ្មែរក្រហមទេ តែមិនដឹងថាត្រូវធ្វើដូចម្តេច ព្រោះអង្គការជាអ្នកចាត់តាំង។ ម្តាយខ្ញុំបានយំសុំអង្វរថាខ្ញុំមានកូនតែមួយនាក់នេះទេ សម្រាប់ទុកឲ្យមើលថែខ្ញុំពេលចាស់។ អង្គការមិនព្រមជាដាច់ខាត ទោះជាយ៉ាងណាក៏ត្រូវតែបម្រើជាតិ។ ខ្ញុំមិនចង់ធ្វើជាកងទ័ពខ្មែរក្រហមទេ ជាពិសេសម្តាយខ្ញុំគាត់ខ្លាចស្លាប់ដូចជាឪពុកធ្វើជាទាហាន លន់ នល់។ ខ្ញុំចូលជួរកងពលលេខ១៦ បន្ទាប់ពីបានហាត់រួចចេញទៅវាយខាងស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលក៏ចាប់ផ្តើមធ្វើការនៅស្វាយរលំបន្តរយៈពេលពីរខែ។ ចេញពីស្វាយរលំ កាត់តាមតាខ្មៅឡើងទៅដល់ទីក្រុងភ្នំពេញ។ ខ្ញុំត្រូវបញ្ចូលធ្វើជាយុទ្ធជនមុនដំបូងអត់ទាន់ធ្វើអ្វីទេ អង្គការឲ្យសម្អាតផ្ទះដែលគ្មានមនុស្សរស់នៅ។ បន្ទាប់មកអង្គការឃើញខ្ញុំមានចំណេះដឹងបន្តិចបន្តួចឲ្យទៅរៀនខាងពេទ្យ។ ខ្ញុំមានអារម្មណ៍ភ័យខ្លាច ព្រោះជីវប្រវត្តិផ្ទាល់ខ្លួនដាក់ឈ្មោះឪពុក។ ឪពុកធ្លាប់ធ្វើជាទាហានសម័យ លន់ នល់។ យប់ឡើងខ្ញុំគេងមិនលក់ក្នុងចិត្តគិតថាខ្លាចទ័ពខ្មែរក្រហមចាប់សម្លាប់ចោល ព្រោះប្រវត្តិគ្រួសារធ្លាប់បម្រើការងារក្នុងសម័យ លន់ នល់។ ខ្ញុំចូលរៀនពេទ្យនៅទីក្រុងភ្នំពេញបានកន្លះខែ។ ប្រធានពេទ្យ ឲ្យខ្ញុំមើលថែអ្នករងរបួសស្រាលៗ ចំណែកអ្នករបួសធ្ងន់ដល់ថ្នាក់វះកាត់ត្រូវបញ្ជូនទៅកន្លែងផ្សេងទៀត។ បន្ទាប់ពីរៀនពេទ្យចេះបន្តិចបន្តួចអង្គការបញ្ជូនចូលសមរភូមិ ដើម្បីមើលថែអ្នករបួស។ ពេលវាយគ្នាមានអ្នករបួសបញ្ជូនមកកន្លែងខ្ញុំជូតអាលកុល ចាក់ថ្នាំ លាងរបួស។ អ្នកជំងឺគ្មានកម្លាំងត្រូវចាក់ថ្នាំបេឌូ វីតាមីនសេ អ្នកណាមានរបួសធ្ងន់បញ្ជូនទៅស្នាក់ការបន្តទៀត។ អំឡុងពេលខ្មែរក្រហម និង ទាហាន លន់ នល់ វាយខ្លាំងនៅទីក្រុងភ្នំពេញ មានមនុស្សរបួស និងស្លាប់ជាច្រើន។ បន្ទាប់ពីខ្មែរក្រហមវាយចូលទីក្រុងភ្នំពេញ ខ្មែរក្រហមចាប់ផ្តើមបោសសម្អាតទីក្រុង។ ខ្ញុំចូលធ្វើជាពេទ្យនៅតាមអង្គភាពឈប់ចូលសមរភូមិមុខ។ នៅឆ្នាំ១៩៧៧ ខ្ញុំត្រូវបានដាក់នៅមន្ទីរពេទ្យ២៦៧ឲ្យមើលថែអ្នកជំងឺ។ ក្រោយមកខ្ញុំឈប់មើលថែអ្នកជំងឺ ក៏ចូលរៀនខាងឯកសារទាក់ទងជាមួយថ្នាំសម្រាប់ព្យាបាលអ្នកជំងឺ។ ខ្ញុំមិនបានរៀនឯកសារថ្នាំពេទ្យចប់ ដោយសារមានអ្នករបួសជាច្រើនបញ្ជូនមកពីកន្លែងផ្សេងគ្នា ដើម្បីទទួលការព្យាបាល។ អ្នករបួសខ្លះលើកដៃ ជើង មិនរួចស្រែក ឈឺ យំពេញមន្ទីរពេទ្យ២៦៧។
ខ្មែរក្រហមនៅតែតាមស៊ើបពីជីវប្រវត្តិគ្រួសារ។ ខ្មែរក្រហមបានហៅខ្ញុំទៅសួរនាំពីរឿងឪពុកធ្វើជាទាហាន សួរជីកឫសគល់។ ខ្មែរក្រហមបានសួរនាំចប់ ខ្ញុំក៏សុំត្រឡប់មកផ្ទះម្តាយនៅព្រែកតូច ស្រុកស្អាង ខេត្តកណ្តាល។ បន្ទាប់ពីសួរនាំខ្ញុំរួច ខ្មែរក្រហមមិនទាន់អស់ចិត្តចូលផ្ទះខ្ញុំ ហើយសួរនាំម្តាយខ្ញុំបន្ថែម។ ខ្មែរក្រហមសួរថា ប្តីរបស់អ៊ំឯងធ្វើជាទាហាន លន់ នល់ អត់? ម្តាយខ្ញុំបានឆ្លើយថា អត់ទេ! ប្តីរបស់ខ្ញុំគាត់ប្រជាជនធម្មតា។ ខ្មែរក្រហមមានគ្នា៣-៤នាក់មិនអស់ចិត្តបានទៅសួរនាំប្រធានភូមិកោះធំ តែសំណាងគាត់ឆ្លើយថាមិនសូវជាដឹងរឿងនេះទេ។ គ្រួសារខ្ញុំបានរួចខ្លួនមួយគ្រា ប្រសិនជាម្តាយខ្ញុំនិយាយការពិតប្រាប់ខ្មែរក្រហមច្បាស់ជាស្លាប់ទាំងគ្រួសារមិនខាន។ ខ្ញុំត្រូវបានខ្មែរក្រហមចាត់ឲ្យនៅកោះតូច មើលថែអ្នកជំងឺនិងផ្សំថ្នាំខ្មែរ។ ក្នុងភូមិមានតាៗ៥នាក់ ដែលចេះថ្នាំខ្មែរ រួមទាំងខ្ញុំម្នាក់ទៀត គឺ៦នាក់។ ខ្ញុំនៅបានកន្លះខែត្រឡប់មកអង្គភាពនៅភ្នំពេញវិញ។ ខ្ញុំត្រូវបញ្ជូនទៅមន្ទីរពេទ្យ៧០១ ដើម្បីផលិតថ្នាំនិងផ្សំថ្នាំខ្មែរ។ នៅក្នុងចំណោមពេទ្យដែលក្នុងអង្គភាពអត់មានអ្នកចេះផ្សំថ្នាំខ្មែរទេ មានតែខ្ញុំនិងតាម្នាក់មកពីភូមិកោះធំ។ មន្ទីរពេទ្យ៧០១ នៅជិតមន្ទីរស-២១។ មន្ទីរស-២១ជាកន្លែងពាក់ព័ន្ធការឃុំខ្លួនធ្វើទារុណកម្មមនុស្ស។ ខ្ញុំចាប់ផ្តើមភ័យខ្លាចខ្មែរក្រហមឃុំឃាំង។ ការងារផ្សំថ្នាំខ្មែរពិតជាសំខាន់ដល់អង្គការថ្នាក់លើ ហេតុនេះខ្ញុំខិតខំប្រឹងប្រែងធ្វើការមិនឲ្យភ្លាត់ស្នៀតទេ។ មេខ្មែរក្រហមបានចាត់ឲ្យខ្ញុំធ្វើជាឡាំងសម្រាប់ដាក់ថ្នាំ បន្ទាប់ពីធ្វើថ្នាំបានមួយចំនួន។ កងទ័ពវៀតណាមវាយចូលដល់ទីក្រុងភ្នំពេញ។ ខ្មែរក្រហមឲ្យខ្ញុំដាំបន្លែនៅស្ទឹងមានជ័យ ហើយបានឮសូរកាំភ្លើងបាញ់គ្នានៅច្បារអំពៅ។ កងកម្លាំងខ្មែរក្រហមឲ្យខ្ញុំរៀបចំអីវ៉ាន់នាំគ្នារត់តាមតាមផ្លូវជាតិលេខ៣ និងលេខ៤ រហូតដល់ឧត្តុង្គ សាលាលេខ៥។ កងកម្លាំងខ្មែរក្រហមចាប់ផ្តើមបែកកងទ័ពអស់។ តាមអង្គភាពនីមួយៗ វាយទប់ វាយដកៗ។ មេខ្មែរក្រហមម្នាក់បានប្រាប់ថា វៀតណាមបានចូលមកជិតដល់មែនទែន ច្បាស់ជាត្រូវចាប់ខ្លួនជាមិនខាន។ ខ្ញុំភ័យក៏រត់ទៅឃ្លាំងដាក់របស់ឃើញមានអ៊ំម្នាក់ជាអ្នកចាំឃ្លាំងស្រូវ អង្ករ។ អ៊ំ ជាអ្នកចាំឃ្លាំងស្រូវ អង្ករ ស្តាយរបស់ច្រើនពេក មិនដាច់ចិត្តចោលក៏ទម្លុះចូលយកស្រូវ អង្ករ ស្ករ រវល់តែនៅយករបស់កងទ័ពរវៀតណាមមកទាន់បាញ់សម្លាប់។ ចំណែកខ្ញុំបានរត់ទៅតាមកងកម្លាំងខ្មែរក្រហម និងប្រជាជនរហូតដល់លើភ្នំឧត្តុង្គ ហើយភៀសខ្លួនដល់ប្រទេសថៃ។ មកដល់ព្រំដែនប្រទេសខ្មែរ-ថៃ ខ្ញុំគិតថារួចខ្លួន តែខ្មែរក្រហមប្រមូលទ័ពផ្តុំគ្នាលើភ្នំជាប់ព្រំដែនខ្មែរ-ថៃ។ ខ្ញុំមិនចង់ស្ពាយកាំភ្លើងទៀតទេ។ ខ្ញុំចាប់ផ្តើមគិតម្តងទៀត បើសិននៅតាមកងទ័ពច្បាស់ជាត្រូវកាន់កាំភ្លើង។ ជីវិតយ៉ាប់យ៉ឺន អាចគ្មានជីវិតរស់ផង។ ខ្ញុំសម្រេចចិត្តឈប់ធ្វើជាកងទ័ពបោះបង់កាំភ្លើង ទុកគ្រាប់បែកចោលលើភ្នំ ហើយមានអ្នកខ្លះបានបោកគ្រាប់បែកសម្លាប់ខ្លួនឯងក៏មាន។ ក្រោយពីបោះកាំភ្លើង គ្រាប់បែកទុកលើភ្នំ រួចចុះពីលើភ្នំមានគ្នា៤នាក់ ហើយមានម្នាក់និយាយថាអញទៅមុខលែងរួច។ មិនទាន់បានចុះពីភ្នំស្រួលបួលផង មានកងកម្លាំងវៀតណាមនៅពួនចាំបាញ់។ កងកម្លាំងវៀតណាមបាញ់ត្រូវមិត្តខ្ញុំម្នាក់ស្លាប់។ ក្នុងចំណោមបួននាក់ស្លាប់ពីរនាក់ នៅរស់ពីរនាក់រួមទាំងខ្ញុំ។ កងកម្លាំងវៀតណាមនៅប្រមាណជាង២០ម៉ែត្រពីខ្ញុំ។ ពេលបាញ់រួចបានកងទ័ពវៀតណាមសួរថា មានមនុស្សប៉ុន្មាននាក់? ខ្ញុំបានឆ្លើយថាមានគ្នាច្រើនតែបានបែកគ្នាអស់។ សមាជិកខ្ញុំម្នាក់ស្លាប់ដោយសារក្រុមមិត្តបាញ់សម្លាប់។ កងកម្លាំងវៀតណាមបានចាប់ខ្លួនខ្ញុំ ហើយសួរចម្លើយ។ កងទ័ពវៀតណាម(កម្ពុជាក្រោម) និយាយមិនសូវច្បាស់ (ប៉ៃឡាំៗ) សួរខ្ញុំថា នៅខាងមុខមានទ័ពទៀតអត់? ខ្ញុំបានឆ្លើយថាមានតែមិនដឹងនៅកន្លែងណាខ្លះ ព្រោះខ្ញុំនៅដាច់ស្រយាល ម្យ៉ាងទៀតទៅមុខលែងរួចក៏មានគ្នា៣នាក់ត្រឡប់មកក្រោយបានជួបជាមួយសមមិត្តតែម្តង។ កងទ័ពវៀតណាម(កម្ពុជាក្រោម)សួរទៀត មិត្តឯងបានហូបបាយរួចនៅ? ខ្ញុំដាច់បាយពីរថ្ងៃ គ្មានកម្លាំងទេ។ កងទ័ពវៀតណាម(កម្ពុជាក្រោម) យកបាយលាយជាមួយសណ្តែកដីឲ្យហូបនិយាយពីថាឆ្ងាញ់ខ្លាំង។
បន្ទាប់ពីកងទ័ពវៀតណាមសួរចម្លើយ បានដឹងពីប្រវត្តិខ្ញុំជាពេទ្យមើលថែអ្នករបួស។ កងទ័ព-វៀតណាមបានបញ្ជូនឲ្យនៅកងពលលេខ៤ ជំរំវៀតណាម ដើម្បីព្យាបាលអ្នកដែលត្រូវរបួស។ ខាងវៀតណាមបាននិយាយថាកុំរត់ឲ្យសោះប្រយ័ត្នបាញ់សម្លាប់(ចេតៗ)។ ខ្ញុំស្នាក់នៅជំរំវៀតណាមបានមួយខែកន្លះ ទើបកងកម្លាំងវៀតណាមបញ្ជូនមកខេត្តពោធិ៍សាត់។ ខ្ញុំចាកចេញពីខេត្តពោធិ៍សាត់ ធ្វើដំណើរមកដល់ភ្នំពេញ រួចបន្តដល់ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទាំងសម្លៀកបំពាក់ពណ៌ខ្មៅ ហើយអត់មានដាក់អ្វីតាមខ្លួន។
អត្ថបទដោយ ឈុំ រ៉ា
[1] ឯកសារ K03769 តម្កល់ទុកនៅមជ្ឈមណ្ធលឯកសារកម្ពុជា
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, ផេង ពង្សរ៉ាស៊ី និងអ្នកដទៃទៀត, ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ឆ្នាំ២០២០ បោះពុម្ពលើកទី២ ជំពូកទី១០ ទំព័រទី៥៨។ មន្ទីរស-២១ ជាគុកសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់អ្នកទោសដែលត្រូវបានបញ្ជូនមកដាក់នៅទីនេះ។
[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, ឯកសារលេខ KDI0785, ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៤ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ភាសដោយៈ ឡុង ដានី។ កំណត់សំគាល់ៈ ជួបសម្ភាសផ្ទាល់ជាមួយនឹង ជា សុខុម ជាម្ចាស់ប្រវត្តិរូប។
អត្ថបទទាក់ទង

ចៅ សឿង៖ លេខាស្រុក អូររាំងឪ តំបន់២២ ភូមិភាគបូព៌ា (២០៣)

ម៉ុក សែម៖ ហូបបាយជាមួយលៀសអស់រយៈពេលជិតបីឆ្នាំ

ទេព ប៉ូច៖ «បាណាតិបាតា» ថាមិនឲ្យសម្លាប់ «អទិន្នាទានា»ថាមិនឲ្យលួចទ្រព្យគ...

យោធាខ្មែរក្រហមមិនចាំប្រវត្តិរបស់ខ្លួន

រដ្ឋាភិបាលប្រទេសថៃមិនអាចកាត់ដីពលរដ្ឋខ្មែរទៅឲ្យពលរដ្ឋថៃដោយឯកតោភាគីបានទេ


