ស៊ុំ អាត៖ «រែកជីទាំងខ្លួនមានកូនខ្ចី ២ខែ»

ស៊ុំ អាត[1] ភេទស្រី មានអាយុ ៦៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០២) មានស្រុកកំណើតនៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស៊ុំ អាត មានទីលំនៅនៅក្នុងភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម។ អាត បន្តរស់នៅជាមួយក្រុមគ្រួសារ នៅក្នុងភូមិរមាស តាំងពីកុមារភាព រហូតដល់មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ក្នុងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ការរស់នៅក្នុងនៅតាមភូមិស្រុកក្រោយពេលធ្វើរដ្ឋប្រហារដំបូងៗ មិនមានការផ្លាស់ប្តូរច្រើននោះទេ ប្រជាជននៅតាមភូមិប្រកបរបបរកស៊ី និងធ្វើស្រែចម្ការជាធម្មតា។ នៅអំឡុងពេលមានរដ្ឋប្រហារ ក៏មានចលនាប្រឆាំងនឹងការធ្វើរដ្ឋប្រហារនេះផងដែរ។
នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ នៅក្នុងខែមីនា ឆ្នាំ ១៩៧០ ប្រជាជនដែលមានចិត្តស្រឡាញ់ និងគាំទ្រសម្តេចព្រះនរោត្តមសីហនុ បានធ្វើដំណើរទៅកាន់ទីរួមខេត្តកំពង់ចាម ដើម្បីជួបជុំធ្វើចលនាមហាបាតុកម្មប្រឆាំងនឹងការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុដោយ លន់ នល់។ ដោយសារការធ្វើរដ្ឋប្រហារ បាននាំប្រទេសកម្ពុជាធ្លាក់ទៅក្នុងភ្លើងសង្រ្គាមស៊ីវិល។ នៅក្នុងអំឡុងឆ្នាំ១៩៧១-១៩៧៣ នៅក្នុងពេលមានសង្គ្រាមស៊ីវិលនេះ មានការទម្លាក់គ្រាប់ និងផ្លោះគ្រាប់ទៅវិញទៅមក យ៉ាងច្រើន ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន នៅក្នុងភូមិរមាសដែល អាត រស់នៅផ្ទាល់ក៏ត្រូវបានរងនូវការទម្លាក់គ្រាប់បែកជាច្រើនលើកផងដែរ។ នៅក្នុងពេលដែលបានការទម្លាក់គ្រាប់បែកម្តងៗ អ្នកភូមិត្រូវរត់ចូលក្នុងលេណដ្ឋាន ដើម្បីគេចពីការទម្លាក់គ្រាប់បែកផងដែរ ទោះបីប្រជាជនរត់គេចខ្លួនបាន ពីការទម្លាក់គ្រាប់បែកនេះ នៅតែបង្កឱ្យប្រជាជននៅក្នុងភូមិស្លាប់ និងរបួសផងដែរ មិនត្រឹមតែប៉ះពាល់ដល់ត្រឹមតែប្រជាជននោះទេ ផ្ទះសំបែង សាលារៀន និងតំបន់មួយចំនួនសូម្បីអគាររដ្ឋបាលមួយចំនួនក៏ត្រូវរងការបំផ្លិចបំផ្លាញ ។ នៅក្នុងអំឡុងឆ្នាំ១៩៧២-១៩៧៣ នេះផងដែរ នៅពេលដែលខ្មែរក្រហមបានចូលមកកាន់កាប់ភូមិស្រុកមួយចំនួន។ ខ្មែរក្រហម បានបង្កើតជាសហករណ៍មួយ តែការហូបចុក និងការរស់នៅរបស់ប្រជាជន នៅពេលបង្កើតសហករណ៍លើកដំបូងនោះ ប្រជាជនទាំងអស់ត្រូវ ហូប និងស្នាក់នៅតាមផ្ទះរាងៗខ្លួន មិនទាន់មានការហូបរួមអ្វីនោះទេ។
នៅក្នុងសម័យខ្មែរក្រហម អាត ត្រូវបានខ្មែរក្រហមបង្ខំឱ្យធ្វើការទាំងទើបតែកូនខ្ចីបាន ២ខែ។ ក្នុងអំឡុងឆ្នាំ១៩៧៧ នៅពេលដែលកងទ័ពខ្មែរក្រហមភូមិភាគនិរតីចូលមក តាមតំបន់ដែល អាត រស់នៅ ខ្មែរក្រហមបង្ខំឱ្យចេញទៅធ្វើការដូចជា រែកជី ដាក់នៅក្នុងឃ្លាំងមួយ សម្រាប់ទុកប្រើប្រាស់ក្នុងការដាក់តាមស្រែ និងចម្ការសម្រាប់ការបង្កបង្កើនផល។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កម្មាភិបាលខ្មែរក្រហមបានបែងចែកប្រជាជនឲ្យធ្វើការទៅតាមវ័យរបស់ប្រជាជននីមួយៗ ដូចប្រជាជនដែលមានវ័យចំណាស់ត្រូវបានខ្មែរក្រហមឱ្យមើលថែ ឫកុមារតូចដែលម្តាយឪពុករបស់កុមារទាំងអស់នោះត្រូវចេញទៅធ្វើការងារក្នុង កងចល័ត។ កងចល័តនៅក្នុងសម័យខ្មែរក្រហមដែលត្រូវបានបង្ខំឱ្យធ្វើការងារជីកដី លើកប្រឡាយ លើកដីធ្វើផ្លូវ និងប្រព័ន្ធធារាសាស្រ្តនានាទៅតាមទីតាំង និងកន្លែងដែលកម្មាភិបាលខ្មែរក្រហមបានចាប់តាំង និងកំណាត់ទុក។ ការរស់នៅក្នុងរបបខ្មែរក្រហម ស៊ុំ អាត ចងចាំមិនភ្លេចនោះគឺ ការដែលត្រូវរស់នៅបែកពីកូនតូចរបស់ខ្លួនទាំងកូនមានអាយុ ២ខែ មិនមានពេលគ្រប់គ្រាន់សម្រាប់មើលថែកូន ត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការដោយបង្ខំ មិនគិតពីសុខភាពស្រ្តីដែលទើបសម្រាលកូនរួច។ ទោះបីជា អាត មិនសូវបានធ្វើការងារធ្ងន់ខ្លាំង ជាងប្រជាជនដទៃទៀតក៏ពិតមែន ប៉ុន្មានអាត ក៏នៅតែជាជនរងគ្រោះម្នាក់តែទទួលការបង្ខំពីខ្មែរក្រហមឱ្យធ្វើការទាំងខ្លួនជាម្តាយទើបតែសម្រាលកូនបាន ២ខែ ហើយខ្មែរក្រហម មិនបានផ្តល់របបអាហារគ្រប់គ្រាន់សម្រាប់ប្រជាជនដូចគ្នា។
ក្រោយពីរបបខ្មែរក្រហមបានបញ្ជប់ អាត និងក្រុមគ្រួសារក៏បានជួបជុំគ្រួសារវិញផងដែរ៕
អត្ថបទដោយ លី ដេវីត
[1] ឯកសារ KCI0011 បទសម្ភាសន៍ ស៊ុំ អាត សម្ភាសន៍ដោយ ជួង សុភារិទ្ធិ ថ្ងៃទី ១៦ ខែវិច្ចិកា ឆ្នាំ២០០២, បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទទាក់ទង

ប្រធានកងចល័តនារីភូមិក្នុងរបបខ្មែរក្រហម

យ៉េន ឃឿន៖ «បាត់បង់ឪពុក និងបងប្រុសនៅសម័យខ្មែរក្រហម»

ប៉ិច មិន៖ បើមានថ្នាំលេបហើយបំភ្លេចកូនបាន គាត់នឹងទិញលេបភ្លាម

អត្ថបទ ខឹម ខាន់ ហៅ សំអាង៖ អនុលេខាស្រុកស្វាយរៀង តំបន់២៣ ភូមិភាគបូព៌ា

គល់ ឌឹម ៖ ចូលរួមជាមួយចោរព្រៃ តំបន់២៣ ផែនការរដ្ឋប្រហារ បន្ទាប់ពី សោ ភឹ...


