ភួង ស្រ៊ន់ និយាយអំពីការចងចាំ ព្រឹត្តិការណ៍មិនអាចបំភ្លេចបាន ក្នុងរបបខ្មែរក្រហម

ភួង ស៊្រន់[1] ភេទស្រី អាយុ៥៨ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកដាំបន្លែ រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននិយាយប្រាប់អំពីការចងចាំពីកុមារភាពរបស់ខ្លួននៅក្នុងរបបខ្មែរក្រហម៖
ខ្ញុំកើតនៅឆ្នាំ១៩៦៩ នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបជាមួយប្ដីឈ្មោះទូច វ៉ាន់ និង មានកូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ភួង ផន និងម្ដាយឈ្មោះ ផ្លុក លី។ ខ្ញុំមានបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ កាលពីវ័យកុមារ ខ្ញុំរៀនសូត្រត្រឹមថ្នាក់ទី៩ចាស់នៅសាលាបឋមសិក្សាដំបងដែក។ ក្រោយមកទៀត ខ្ញុំឈប់រៀន ពីព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។ បន្ទាប់ពីបានឈប់រៀន ខ្ញុំងាកមកជួយការងារឪពុកម្ដាយនៅផ្ទះវិញ។ នៅពេលនោះ ខ្ញុំប្រកបរបរជាអ្នកលក់ទឹកអំពៅ ដើម្បីយកកម្រៃផ្គត់ផ្គង់ជីវភាពខ្វះខាតនៅក្នុងគ្រួសារ។ នៅពេលនោះ ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ ខ្ញុំនៅតែចងចាំអំពីផលលំបាកនៃការផ្ទុះ សង្រ្គាម និងខ្សែជីវិតរបស់ខ្ញុំក្នុងរបបខ្មែរក្រហម។ នៅឆ្នាំ១៩៧០ ខ្ញុំលឺដំណឹងអំពីរដ្ឋប្រហារលន់ នល់ ហើយក្រោយមកទៀតមានអ្នកភូមិចូលរួមដង្ហែ បាតុកម្មទៅទីរួមខេត្តកំពង់ចាម។ នៅដើមឆ្នាំ១៩៧១ កងទ័ពខ្មែរក្រហមចូលមកដល់ក្នុងភូមិ និងសុំផ្ទះប្រជាជនស្នាក់នៅ។ ចាប់ពីពេលនោះមក រហូតដល់ឆ្នាំ១៩៧៣ សង្រ្គាមរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហមផ្ទុះកាន់តែខ្លាំងឡើង។ មានការបាញ់ផ្លោងគ្រាប់ និងទម្លាក់គ្រាប់បែក ដែលបណ្ដាលឲ្យផ្ទះរបស់អ្នកភូមិឆេះ។ នាគ្រាសមរភូមិកាន់តែក្ដៅទៅៗ, គ្រួសារខ្ញុំបានរត់ចេញពីភូមិ តាមរទេះគោទៅដល់ភូមិថ្មីក្រោម ដែលជាតំបន់រំដោះរបស់ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ គ្រួសារខ្ញុំវិលត្រលប់មកភូមិវិញ ពីព្រោះកងទ័ពខ្មែរក្រហមបានរំដោះ និងគ្រប់គ្រងតំបន់ជាច្រើនក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។ នៅចុងឆ្នាំ១៩៧៥ដដែរ ឪពុកម្ដាយរបស់ខ្ញុំ ត្រូវបានចាត់តាំងធ្វើការក្នុងកងចល័តសហករណ៍។ បងប្អូនរបស់ខ្ញុំត្រូវទៅធ្វើការនៅតាមកងចល័តរៀងៗខ្លួន។ ចំណែក ខ្ញុំត្រូវចូលធ្វើការនៅកងកុមារប្រមូលស្លឹកឈើ និងរើសអាចម៍គោធ្វើជីដាក់ស្រែ។ មិនយូរប៉ុន្មាន ឪពុករបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ និងស្លាប់ដោយសារតែការហូបអាហារ មិនគ្រប់គ្រាន់ និងគ្មានថ្នាំពេទ្យព្យាបាល។ ឆ្នាំ១៩៧៦ ភូមិដំបងដែកត្រូវបានទឹកជំនន់ជន់លិច ហើយគ្រួសាររបស់ខ្ញុំត្រូវបានបញ្ជូនទៅភូមិទួលស្រែ។ នៅឆ្នាំ១៩៧៧ ម្ដាយ និងបងប្អូនរបស់ខ្ញុំ ត្រូវទៅធ្វើការងារ រួមមាន៖ កាប់ឆ្ការព្រៃដើម្បីពង្រីកផ្ទៃដីដាំដុះស្រូវ និងភ្ជួររាស់ដីបង្កបង្កើនផលស្រូវ។ បន្ទាប់ពីប្រមូលផលស្រូវរួចគ្រួសារខ្ញុំត្រូវបានបញ្ជូនមកភូមិវិញ។ នៅឆ្នាំ១៩៧៨ គ្រួសារខ្ញុំត្រូវបានផ្លាស់ទៅរស់នៅ និងលើកទំនប់ និងជីកប្រឡាយ អស់រយៈពេល៣ខែ។ នៅឆ្នាំ១៩៧៩ ខណៈពេលដែលគ្រួសារខ្ញុំធ្វើការនៅការដ្ឋានទំនប់ព្រែកជីក កងទ័ពរណសិរ្សចូលមកដល់។ នៅពេលនោះ គ្រួសាររបស់ខ្ញុំរួចផុតពីសេចក្ដីស្លាប់ និងធ្វើស្រែចម្ការរហូតមកដល់សព្វថ្ងៃ។
អត្ថបទដោយ ទូច វណ្ណេត
[1] ឯកសារបទសម្ភាស ជាមួយ ភួង ស្រ៊ន់ នៅភូមិ/ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម, សម្ភាសន៍ដោយ ស៊ាង ចិន្ដា នៅឆ្នាំ២០២៣, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
អត្ថបទទាក់ទង

ឌិន ទូច៖ រឿងរ៉ាវសង្ខេបអំពីជីវិតក្នុងរបបខ្មែរក្រហម

សកម្មភាពក្បត់របស់ យ៉ែម គុន ហៅ ខុម យុទ្ធនារី ក្រសួង ក១៦

មតិណែនាំរបស់៨៧០ អំពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែក លើក្រុងសៀមរាប ក្នុងរ...

ឃ្លាន ឈឹម៖ កូនជាកម្លាំងចិត្តបណ្តាលឱ្យម្តាយចង់រស់បន្ត

ប្រវត្តិសកម្មភាពក្បត់របស់ ហុក តុល ហៅ ហាន ជាយុទ្ធជនកងពលទី៦


