ម៉ី អ៊ន រំឭករឿងរ៉ាវដែលបានកើតឡើងក្នុងឃុំគគីរ

ទោះបីជាមានវ័យចំណាស់ និងសុខភាពមិនសូវរឹងមាំ ប៉ុន្តែ ម៉ី អ៊ន បានចងចាំរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិកំណើតរបស់គាត់តាំងពីគាត់នៅវ័យក្មេង រហូតដល់ខ្មែរក្រហមចូលមកគ្រប់គ្រងភូមិឃុំរបស់គាត់។
ម៉ី អ៊ន[1] មានអាយុ៨៦ឆ្នាំ (នៅក្នុងឆ្នាំ២០២១) សព្វថ្ងៃរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានរៀបរាប់ថា ៖ នៅពេលកងទ័ពជប៉ុនចូលមកប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៤0 ខ្ញុំធំដឹងក្តីហើយ។ សម័យនោះប្រជាជននៅក្នុងភូមិមានការខ្វះខាតខ្លាំងណាស់ សូម្បីតែខោអាវក៏គ្មានស្លៀកពាក់សមរម្យដែរ។ ប្រជាជនមួយចំនួនបានយកបាវ ឬស្លឹកឈើមកបិទបាំងរាងកាយ។ ផ្ទះរបស់ខ្ញុំស្ថិតនៅជិតវត្តគគីរ និងមានផ្ទះយាយអុំ ផ្ទះតាសុក និងផ្ទះតាទក នៅក្បែរនោះដែរ។ ប្រជាជននៅក្នុងភូមិដែលមានជីវភាពក្រីក្រលំបាក គ្មានអំបិល ប្រហុក ហូបចុក និងគ្មានសម្លៀកបំពាក់ បាននាំគ្នាមកស្នើសុំសំបុត្របញ្ជាក់ (ឬបុង) ពីឪពុករបស់ខ្ញុំឈ្មោះ ប៉ាក គឺជាមេភូមិ ដែលសម័យនោះប្រជាជនបានហៅងាររបស់គាត់ថា ជំទប់ ឬចៅក្រម។ បន្ទាប់មកប្រជាជនបានកាន់សំបុត្របញ្ជាក់ទាំងនោះទៅទិញអាហារ របស់របរប្រើប្រាស់ សម្លៀកបំពាក់ក្នុងតម្លៃថោកៗ ជាមួយក្រដាសប្រាក់មួយកាក់ និងពីរកាក់។ ប៉ុន្តែការលក់ដូរគឺមានការកំណត់ ដូច្នេះប្រជាជនទិញសម្រាប់តែហូបចុក និងប្រើប្រាស់តែប៉ុណ្ណោះ។ នៅថ្ងៃមួយ មានយន្តហោះចម្បាំងជប៉ុនចំនួន៣គ្រឿងបានហោះពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ដើម្បីធ្វើសង្រ្គាមជាមួយកងទ័ពបារាំង។ ខ្ញុំនិងចាស់ទុំក្នុងភូមិបាននាំគ្នាអង្គុយមើលហេតុការណ៍វាយប្រយុទ្ធគ្នានោះនៅលើភ្លឺស្រែ និងឃើញយន្តហោះចម្បាំងមួយគ្រឿងត្រូវគ្រាប់ ហើយយន្តហោះចម្បាំងពីរផ្សេងទៀតហោះមកអម។ នៅពេលកងទ័ពជប៉ុនចេញទៅអស់ ខ្ញុំឃើញចលនាឥស្សរកើតឡើងក្នុងឃុំគគីរ ចំណែករាជការអាណាព្យាបាលបារាំងនៅធ្វើការនៅទីប្រជុំជនក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ហើយតែងតែជិះសេះដើរត្រួតមើលនិងទារពន្ធពីប្រជាជននៅតាមភូមិ។ ក្រុមឥស្សរបានចូលមកកេណ្ឌប្រជាជននៅក្នុងភូមិរបស់ខ្ញុំ និងភូមិនៅក្បែរៗវត្តគគីរ។ រីឯខ្ញុំនិងក្រុមគ្រួសារត្រូវសែប (មន្រ្តីយោធាបម្រើឱ្យរាជការអាណាព្យាបាលបារាំង) ដែលស្គាល់ឪពុករបស់ខ្ញុំបានមកយកក្រុមគ្រួសាររបស់ខ្ញុំទៅរស់នៅភូមិបាតត្រាស់ ក្បែរប៉ុស្តិ៍យាមរបស់ទាហានបារាំង ស្ថិតនៅក្នុងឃុំដូង។ ទន្ទឹមនេះ ប្រជាជនក្នុងភូមិត្រពាំងស្គន់មួយចំនួនទៀតត្រូវបារាំងកេណ្ឌទៅរស់នៅឃុំកំពង់ត្រាច។ ក្រុមឥស្សរបានកេណ្ឌមនុស្សពេញវ័យ និងកម្លោះៗ ទៅកាប់ផ្តាច់ផ្លូវ និងរើស្ពានមិនឱ្យមន្រ្តីបារាំងជិះសេះចូលក្នុងភូមិឡើយ។
រហូតដល់ក្រុមឥស្សរចេញអស់ ទើបខ្ញុំនិងគ្រួសារត្រឡប់មករស់នៅភូមិត្រពាំងស្គន់វិញ។ ខ្ញុំរៀបការប្តីនៅពេលខ្ញុំអាយុបាន២០ឆ្នាំ។ ប្តីរបស់ខ្ញុំឈ្មោះ សូត្រ រស់នៅក្នុងឃុំគគីរជាមួយខ្ញុំដែរ។ អំឡុងពេលនោះ ស្រាប់តែខ្ញុំឃើញកងទ័ពវៀតកុង (វៀតណាមខាងជើង) បានចូលមករស់នៅក្នុងភូមិ និងបណ្តោយមាត់ទន្លេក្នុងឃុំគគីរ ហើយសង្រ្គាមក៏ចាប់ផ្តើមផ្ទុះឡើង។ ខ្ញុំនិងឪពុកម្តាយបាននាំគ្នារត់ទៅលាក់ខ្លួននៅក្រោមផ្លូវបររទេះនៅវាលឈើទាល និងនៅតាមបណ្តោយមាត់ទន្លេក្នុងឃុំគគីរ។ នៅពេលថ្ងៃ ឪពុករបស់ខ្ញុំបានដើរទៅផ្ទះនៅក្នុងភូមិស្គន់ដើម្បីប្រមូលចាន ឆ្នាំង ត្បាល់ និងអង្រែ យកមកបុកស្រូវដើម្បីដាំបាយហូបនៅវាលស្រែ។ ពេលយប់យន្តហោះចម្បាំង បានហោះឆ្វែលនៅលើឃុំគគីរ និងបាញ់ភ្លើងហ្វា ដើម្បីតាមរកកងទ័ពវៀតកុងដែលលាក់ខ្លួននៅក្នុងភូមិ។ បន្ទាប់មក យន្តហោះចម្បាំងផ្សេងទៀតបានហោះមកទម្លាក់គ្រាប់បែកបេ៥២ ធ្វើឱ្យប្រជាជនភិតភ័យយ៉ាងខ្លាំង។ ឪពុករបស់ខ្ញុំនិងប្រជាជនបាននាំគ្នាជីកត្រង់សេ ឬលេណដ្ឋានដើម្បីលាក់ខ្លួន។ ខ្ញុំជួបការលំបាកខ្លាំងណាស់ពេលរត់គេចពីការទម្លាក់គ្រាប់បែកម្តងៗព្រោះកូនរបស់ខ្ញុំនៅតូចៗ។
នៅពេលខ្មែរក្រហមចូលគ្រប់គ្រងឃុំគគីរ ខ្មែរក្រហមមិនបានជម្លៀសខ្ញុំទៅកន្លែងផ្សេងទេ។ ខ្មែរក្រហមបានបញ្ចូលខ្ញុំក្នុងក្រុមប្រវាស់ដៃ និងបានជ្រើសរើសខ្ញុំឱ្យធ្វើជាប្រធានក្រុម។ ក្នុងមួយក្រុមប្រវាស់ដៃមាននារីចំនួន១២នាក់។ ខ្ញុំដឹកនាំក្រុមនារីកាប់ដីចម្ការដាំដំណាំ។ នៅពេលសម្រាកខ្ញុំត្រូវដឹកនាំក្រុមនារីប្រជុំណែនាំឱ្យចេះស្រឡាញ់រាប់អានគ្នា សាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមក មុនពេលត្រឡប់ទៅសម្រាកនៅតាមផ្ទះរៀងៗខ្លួនវិញ។ ចំណែករបបអាហារគឺសមាជិកក្រុមប្រវាស់ដៃធ្វើហូបនៅតាមផ្ទះរៀងៗខ្លួន ហើយអាចបេះបន្លែបង្ការ ចេក ត្រឡាច យកមកធ្វើម្ហូបបាន។
ក្រោយមក ខ្មែរក្រហមបានប្រមូលស្រូវអង្ករ ជ្រូក មាន់ ទា គោក្របី និងទ្រព្យសម្បត្តិមកដាក់រួម។ កម្មាភិបាលខ្មែរក្រហមបានដើរពិនិត្យ និងសួរប្រជាជននៅតាមផ្ទះអំពីចំនួនអង្ករ ហើយប្រសិនបើនរណាម្នាក់កុហក កម្មាភិបាលខ្មែរក្រហមនឹងចោទអ្នកនោះថាលួចលាក់ទុកឱ្យខ្មាំង និងយកទៅសម្លាប់ចោលតែម្តង។ នៅពេលដល់ម៉ោងបើករបបអាហារ ប្រធានកងបានគោះជួងជាសញ្ញាឱ្យកងចល័តទាំងអស់ទៅបើករបបពីចុងភៅនៅរោងបាយរួម។ ក្នុងមួយថ្ងៃខ្ញុំទទួលបានរបបពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ប៉ុន្តែរបបអាហារទាំងនោះមិនអាចឱ្យខ្ញុំនិងប្រជាជនហូបបានគ្រប់គ្រាន់ឡើយ។
អំឡុងពេលនោះ ដោយសារខ្ញុំមានកូនច្រើនរហូតដល់ទៅចំនួន៨នាក់ ដូច្នេះខ្មែរក្រហមក៏ឱ្យខ្ញុំនៅកងបុកស្រូវនៅក្នុងភូមិ, ប្តីរបស់ខ្ញុំនៅរោងបាយរួម ហើយកូនៗរបស់ខ្ញុំខ្លះនៅកងចល័ត និងខ្លះទៀតចូលបម្រើកងទ័ពខ្មែរក្រហម។ ពេលខ្ញុំធ្វើការនៅកងបុកស្រូវ ខ្ញុំប្រាប់សមាជិកក្នុងកងឱ្យរែងយកកន្ទក់ហ្មត់ទុកលាយជាមួយត្នោតទុំដើម្បីស្ងោរចែកគ្នាហូប និងមួយចំណែកទៀតយកទៅឱ្យឈ្លបខ្មែរក្រហមដែលយាមនៅក្នុងភូមិ។
បន្ទាប់មកខ្មែរក្រហមបានផ្លាស់ខ្ញុំទៅកងស្ទូងស្រូវ លើកភ្លឺស្រែ និងជីកប្រឡាយ នៅព្រៃគុយ និងនៅព្រៃក្ដី។ ខ្ញុំត្រូវជីកដីជម្រៅត្រឹមជង្គង់ និងប្រវែង៥ម៉ែត្រ។ ខ្ញុំធ្វើការងារនៅក្នុងស្រុករមាសហែក រហូតដល់ឆ្នាំ១៩៧៨ ទើបខ្មែរក្រហមជម្លៀសខ្ញុំទៅរស់នៅ និងធ្វើការនៅខាងកើតស្រុកបាភ្នំ ខេត្តព្រៃវែង។ ខ្ញុំរស់នៅទីនោះបានមួយរយៈ ស្រាប់តែឮសំឡេងផ្ទុះឃ្លាំងគ្រាប់របស់ខ្មែរក្រហមនៅអ្នកលឿង និងឃើញផ្កាភ្លើងពាសពេញផ្ទៃអាកាស ធ្វើឱ្យប្រជាជនជម្លៀសច្រួលច្របល់។ ខណៈនោះមានបុរសចំណាស់ម្នាក់ស្រែកប្រាប់ថា បងប្អូនមកពីស្រុកណាសូមអញ្ជើញទៅរស់នៅស្រុកនោះវិញចុះ ព្រោះប្រទេសជាតិត្រូវបានរំដោះហើយ។ ចំណែកកម្មាភិបាលខ្មែរក្រហមហាមមិនឱ្យប្រជាជនវិលត្រឡប់មកស្រុកកំណើតទេ ដោយឃោសនាប្រាប់ថា កងទ័ពវៀតណាមនឹងវះពោះញាត់ស្មៅ។ ប្រជាជនជម្លៀសមួយចំនួនបានជឿនិងរត់គេចខ្លួនទៅតាមខ្មែរក្រហមទាំងនោះ ហើយខ្លះបានស្លាប់ពេលឆ្លងទន្លេអ្នកលឿង។ ចំណែកខ្ញុំបានវិលត្រឡប់មកស្រុកកំណើត និងបានជួបជុំឪពុកម្តាយ បងប្អូន និងកូនៗវិញ។ សព្វថ្ងៃនេះ ខ្ញុំគឺជាស្ត្រីមេម៉ាយព្រោះប្តីរបស់ខ្ញុំស្លាប់កាលពី៩ឆ្នាំមុនដោយសារជំងឺ។ បន្ទាប់ពីប្តីខ្ញុំស្លាប់ទៅ ខ្ញុំរស់នៅជាមួយកូនស្រីដែលកំពុងមានជំងឺប្រចាំកាយ៕
ដោយ សោម ប៊ុនថន
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, គម្រោងលើកកម្ពស់សិទ្ធិ និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម, បទសម្ភាសន៍ សៅ ចាន់ណា ជាមួយ ម៉ី អ៊ន់ អាយុ៨៦ឆ្នាំ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។
អត្ថបទទាក់ទង

លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា ទទួលបានសំបុត្រពីរលើកពី សោ ភឹម មុន...

ពេជ ផន ហៅ ម៉ៃ ផូ៖ ប្រធានគមនាគមចម្ការកៅស៊ូ ភូមិភាគ បូព៌ា(២០៣)

រ៉េម រស់នៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់

ពាក់ ធឿយ ជាប្រធានកងធារាសាស្រ្តប្រចាំ សង្កាត់បន្ទាយឆ្មារ

បណ្ដាំចុងក្រោយរបស់បងប្រុស


